ការសិក្សាស្រាវជ្រាវបង្ហាញថា ជំងឺធាត់បានកាត់បន្ថយអាយុពី ២ ទៅ ៤ ឆ្នាំនៃអាយុសង្ឃឹមរស់ជាមធ្យមរបស់អ្នកជំងឺធាត់មធ្យម ខណៈដែលអ្នកធាត់កម្រិតធ្ងន់ អាចខាតអាយុពី ៨ ទៅ ១០ ឆ្នាំ។
អ្វីគួរឱ្យបារម្ភ គឺបច្ចុប្បន្នមនុស្សពេញវ័យច្រើនជាង ១,៩ ពាន់លាននាក់ដែលមានអាយុចាប់ ១៨ ឆ្នាំឡើងទៅមានបញ្ហាធាត់លើសទម្ងន់។ ក្រៅពីនេះ ជាង ៦០០ លាននាក់ មានជំងឺធាត់។
តាមន័យវេជ្ជសាស្ត្រ ជំងឺធាត់កើតឡើង ពេលដែលការទទួលទានកាឡូរីលើសពីចំនួនប្រើប្រាស់ថាមពល។ ក្រៅពីនេះ មានកត្តាមួយចំនួនទៀតបង្កឱ្យមានជំងឺធាត់៖ កត្តាហ្សែន ឬកត្តាអ័រម៉ូន ដូចជា ជំងឺអ័រម៉ូនទីរ៉ូអ៊ីតធ្លាក់ចុះ (Hypothyroidism) និងជំងឺ Cushing’s Syndrome (មុខឡើងមូល) ហើយថ្នាំមួយចំនួនដែលប្រើសម្រាប់គ្រប់គ្រងជំងឺផ្លូវចិត្ត និងទឹកនោមផ្អែម។
អត្រាប្រេវ៉ាឡង់នៃជំងឺធាត់ មានការកើនឡើងច្រើន ដោយសាររបៀបរស់នៅរបស់មនុស្ស ពោលគឺរបបអាហារ និងការធ្វើសកម្មភាពរាងកាយ។
- ទី១៖ ភាគច្រើនពួកគេចូលចិត្តទទួលទានរបបអាហារមានកម្រិតជាតិខ្លាញ់ខ្ពស់។ ពួកគេទទួលទានអាហារតាមចំណូលចិត្ត ជាជាងរបបអាហារដែលផ្ដល់តុល្យភាពសារធាតុចិញ្ចឹមគ្រប់គ្រាន់។
- ទី២៖ មិនសូវធ្វើលំហាត់ប្រាណ និងរស់នៅដោយភាពសុខស្រួលពេក ដែលការធ្វើបែបនេះ ធ្វើឲ្យអ្នកប្រឈមមុខខ្ពស់ចំពោះហានិភ័យកើតមានជំងឺធាត់។
មនុស្សធាត់មានហានិភ័យខ្ពស់ឆាប់ស្លាប់លឿនជាងការរំពឹងទុក។ ពួកគេ ជាក្រុមមនុស្សមានហានិភ័យខ្ពស់កើតជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម និងភាពមិនប្រក្រតីនៃកម្រិតជាតិខ្លាញ់ក្នុងសរសៃឈាម។ ការស្លាប់បណ្តាលមកពីជំងឺសរសៃឈាមបេះដូង ដូចជា ខ្វះឈាមទៅចិញ្ចឹមបេះដូង គាំងបេះដូង ហើយជំងឺខ្សោយបេះដូង ជាធម្មតាកើតមាន បើអ្នកជំងឺធាត់មិនបានគ្រប់គ្រងបញ្ហានេះឲ្យបានទាន់ពេល។
អ្នកអាចវាយតម្លៃចំណាត់ថ្នាក់នៃផលធៀបរាងកាយរបស់អ្នកបាន ដោយគ្រាន់តែធ្វើផលធៀបរវាងទម្ងន់ និងកម្ពស់របស់អ្នក (BMI)។ លទ្ធផលនៃផលធៀបរាងកាយមានកម្រិតដូចខាងក្រោម៖
- កម្រិតធម្មតា គឺចាប់ពី ១៨,៥ ទៅ ២៤,៩
- លើសទម្ងន់ គឺចាប់ពី ២៥ ទៅ ២៩,៩
- ជំងឺធាត់ គឺចាប់ពី ៣០ ឡើងទៅ
អ្នកអាចគណនាផលធៀបនៃរាងកាយនេះដោយខ្លួនឯងតាមរយៈរូបមន្ត BMI = ទម្ងន់ គិតជាគីឡូក្រាម / កម្ពស់ គិតជាសង់ទីម៉ែត្រ (ការ៉េនៃកម្ពស់)។ ឧទាហរណ៍៖ ផលធៀបរាងកាយរបស់លោក ចន គឺ BMI = ទម្ងន់ / (កម្ពស់)២; (ទម្ងន់ = ៥៦ kg, កម្ពស់= ១,៦៤cm)។ ដូច្នេះ BMI របស់លោក ចន គឺ ៥៦/(១,៦៤)២ = ៥៦ / ២,៦៩ = ២០,៨២
ដូច្នេះ ផលធៀបរាងកាយរបស់លោក ចន គឺ BMI = ២០,៨២
បើលទ្ធផល BMI របស់អ្នកបង្ហាញថា អ្នកមានកម្រិតធាត់ស្រាល ឬមធ្យម សូមកែប្រែរបៀបរស់នៅរបស់អ្នកអ្នក ដូចជា ផ្លាស់ប្ដូររបបអាហារ និងការហាត់ប្រាណឲ្យបានទៀងទាត់ អាចជួយអ្នកសម្រកទម្ងន់បាន។ លទ្ធផល BMI ខ្ពស់ មានន័យថា អ្នកមានជំងឺធាត់ខ្លាំង។ ដូច្នេះ សូមស្វែងរកជម្រើសព្យាបាលសមស្របសម្រាប់អ្នក៕
បើមានសំណួរពាក់ព័ន្ធនឹងអត្ថបទនេះ ឬការថែរក្សាសុខភាព អាចទាក់ទងតាម៖
- ផេកហ្វេសប៊ុក Healthwise Digest
- អ៊ីមែល healthwisedigest@dksh.com.kh
- វិបសាយ www.healthwise-digest.com
ចំណាំ៖ រាល់ថ្ងៃសុក្រ Kanha នឹងចេញផ្សាយអត្ថបទសុខភាព ពីអ្នកជំនាញផ្នែកសុខភាពរបស់ទស្សនាវដ្តី Healthwise Digest ពី DKSH៕
អត្ថបទ៖ kanha

No comments:
Post a Comment