នៅពេលដែលមានទុក្ខធរមាន មនុស្សភាគច្រើនចេះតែរកកលចង់សម្លាប់ខ្លួនឯង ដើម្បីរួចចាកផុតទុក្ខទាំងនោះ ។ តើការសម្លាប់ខ្លួនឯងនេះនឹងរួចចាកផុតទុក្ខដែរឬយ៉ាងណា? សូមមើលហេតុផលដែលសាមណៈ រេវតៈ ពន្យល់ដល់កុលធីតាដែលប្រាថ្នាផ្ដាច់ជីវិតរបស់ខ្លួននៅល្អាងជ្រោះ សូករខីណា ពីសៀវភៅ រឿង “បុប្ផាវត្តី” របស់ព្រះធម្ម ឃោសៈ ដើម្បីបានជាសតិបញ្ញាដូចតទៅ ៖ ក្នុងគ្រាដែលសាមណៈ រេវតៈ ចេញពីព្រះវេឡុវនារាម មកសំណាក់នៅល្អាង សូករខីណា ខណៈដែលកំពុងស្នាក់នៅលើទីលានថ្មជិតមាត់ល្អាងនៅវេលារសៀល មានស្ត្រីក្រមុំម្នាក់ដើរឡើងភ្នំមកពីឆ្ងាយតែម្នាក់ឯង លុះឡើងមកដល់ទីលានថ្មក្រោមម្លប់ដើមគគី នាងអង្គុយសម្រាកយកខ្នងផ្អែកដើមឈើធំ ហើយក៏លាតជើងចេញទៅមុខតាមសប្បាយ ។ នាងជាស្រីក្រមុំស្អាតម្នាក់ លក្ខណៈពណ៌សម្បុរ និង គ្រឿងតែងកាយ សឲ្យឃើញថា នាងមិនមែនជាមនុស្សជាន់ទាបឡើយ ។ វេលានោះ នាងមិនបានឃើញសាមណៈ រេវតៈ ទេ ចំណែកសាមណៈ រេវតៈ ក្លែងធ្វើជាមិនឃើញនាង ដោយបែរមុខមើលទៅទីដទៃ, មួយស្របក់កន្លងទៅ ទើបសាមណៈត្រឡប់មើលនាងម្ដងទៀត, គ្រានោះ សាមណៈប្លែកចិត្ត ព្រោះឃើញនាងកំពុងយំគួរឲ្យអាណិតបំផុត, ស្ដែងឲ្យឃើញថា នាងកំពុងមានសេចក្ដីទុក្ខក្រៀមក្រំ ។ តាមប្រក្រតី សាមណៈ រេវតៈ ជាមនុស្សមានចិត្តពេញទៅដោយមេត្តាករុណា កាលឃើញអ្នកណាមានទុក្ខ មិនអាចនៅស្ងៀមបានឡើយ ទើបចូលទៅប្រាស្រ័យសាកសួររឿងរ៉ាវផ្សេងៗ កាលបានដឹងរឿងរ៉ាវរបស់គេច្បាស់ហើយ ក៏រកផ្លូវជួយសង្គ្រោះដោយវត្ថុខ្លះ ដោយធម្មៈខ្លះតាមសមគួរដល់ករណី ។ខណៈនោះ សាមណៈក៏គ្រហែមតិចៗ ដើម្បីជាសញ្ញាប្រាប់ឲ្យស្រីក្រមុំនោះដឹងថាក្នុងបរិវេណនេះ មិនមែនមានតែនាងម្នាក់ឯងទេ, នាងបែរមុខភ្លែតមករកសាមណៈ ព្រមទាំងយកជាយសំពត់ជូតទឹកភ្នែក ។ ខណៈដែលនាងកំពុងស្រឡាំងកាំងនោះ សាមណៈក៏ដើរចុះទៅឈររយៈឆ្ងាយពីនាងប្រមាណ ៣ព្យាម ហើយក៏សួរថា “ម្នាលកុលធីតា! នាងទៅធ្វើធុរៈសំខាន់អ្វីនៅឯណាឬ ទើបខំព្យាយាមឡើងភ្នំមកម្នាក់ឯងដូច្នេះ ?” ។នាងមិនតបសំណួររបស់សាមណៈ តែត្រឡប់ជាយំសស្រិកសស្រាក់ឮខ្លាំងឡើង ។ សាមណៈក៏និយាយថា “កុលធីតាអើយ ! នាងប្រហែលកំពុងធ្លាក់នៅក្នុងអន្លង់ទុក្ខអ្វីម្យ៉ាងប្រាកដ ដែលជាហេតុឲ្យនាងអាចកាត់ចិត្តប្រុងនឹងសម្លាប់ខ្លួនឯងក៏បាន” ។“ត្រូវហើយ ! ខ្ញុំកំពុងនឹងឡើងទៅលោតជ្រោះសម្លាប់ខ្លួនឯង” ស្រីក្រមុំតបដោយមើលមកសាមណៈដោយសេចក្ដីប្លែកក្នុងចិត្ត ដែលនិយាយដៅចិត្តនាងត្រូវ ។ “ព្រោះខ្ញុំមិនអាចនៅធន់នឹងសេចក្ដីទុក្ខសោកធរមានរបស់ជីវិតនេះបាន” ។“ទុក្ខរបស់នាងប្រហែលជាធំណាស់ ! មើលនិយាយឲ្យអាត្មាស្ដាប់ផង រឿងរ៉ាវវាយ៉ាងណា ? អាត្មាមានចិត្តអាណិតនឹងឃើញចិត្តនាងសោកសៅដូច្នេះណាស់” ។ស្រីក្រមុំបានបរិយាយរឿងរ៉ាវរបស់នាងឲ្យសាមណៈស្ដាប់ទាំងទឹកភ្នែកថា “ទុក្ខរបស់នាងធំណាស់ ! កើតពីសេចក្ដីអស់សង្ឃឹមក្នុងរឿងស្នេហាមុននេះ មិនយូរប៉ុន្មានមាតាបិតារបស់នាងបានបង្គាប់ឲ្យរៀបវិវាហ៍មង្គលជាមួយនឹងព្រាហ្មចាស់ អ្នកមានសម្បត្តិម្នាក់ តែនាងមិនព្រម ទើបគេចរត់ទៅរកកំលោះម្នាក់ដែលស្រឡាញ់នាង តែកំលោះនោះបានរៀបវិវាហ៍មង្គលជាមួយស្រីដទៃទៅហើយ មុនពេលដែលនាងទៅរកគេតែមួយថ្ងៃប៉ុណ្ណោះ, នាងមិនព្រមត្រឡប់ទៅផ្ទះរបស់ខ្លួនវិញឡើយ ព្រោះខូចចិត្ត ទើបដើរពនេចរប្រៀបដូចមនុស្សប្រាសចាកសតិ ៣ ថ្ងៃ មកហើយ កាលមិនអាចធន់ទុក្ខធរមានបាន ក៏កាត់ចិត្តមកលោតទម្លាក់ខ្លួនទៅក្នុងជ្រោះភ្នំឲ្យវាស្លាប់ទៅល្អជាងការរស់នៅមានសភាពយ៉ាងនេះ ។“រឿងរ៉ាវរបស់នាងជារឿងគួរឲ្យខ្លោចចិត្តណាស់” សាមណៈពោលនៅពេលដែលបានស្ដាប់រឿងរបស់នាងចប់ហើយ “អ្នកណាក៏ដោយ បើធ្លាក់នៅក្នុងសភាពយ៉ាងដូចនាងនេះហើយ ក៏គង់នឹងកាត់ចិត្តប្រព្រឹត្តដូចនាងជាមិនខាន, ទុក្ខផ្លូវកាយជារបស់ល្មមនឹងទ្រាំធន់បាន, តែទុក្ខផ្លូវចិត្តធន់បានដោយលំបាកណាស់ ។ វិធីកែទុក្ខផ្លូវចិត្តនេះមាន ២ យ៉ាងប៉ុណ្ណោះ គឺស្លាប់ឲ្យហើយតែម្ដងទៅ និងអត់ធន់ដរាបទាល់តែទុក្ខរលត់អស់ទៅ ។ មនុស្សជាច្រើនបានរើសយកវិធីសម្លាប់ខ្លួនឯង, ឯការដែលរើសយកវិធីអត់ធន់ ក៏មានមិនតិចណាស់ ដូច្នេះនាងនឹងរើសយកវិធីណា ?” ។
Wednesday, June 21, 2017
តើការសំលាប់ខ្លួនអាចរួចផុតពីទុក្ខដែរឬទេ?
Subscribe to:
Post Comments (Atom)
Post Top Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.


No comments:
Post a Comment